នៅព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពី «ការគ្រប់គ្រងធនធានទឹកចម្រុះ នៅអាងស្ទឹង-ទន្លេ» ក្រោមប្រធានបទ «ការវាយតម្លៃអាងស្ទឹង និងការកំណត់ចក្ខុវិស័យ ព្រមទាំងគោលដៅប្រកបដោយភាពរឹងមាំ» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សិក្ខាសាលានានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានគ្រប់គ្រងគម្រោង មន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃខេត្តគោលដៅទាំង៤ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងធនាគារពិភពលោក (World Bank) ព្រមទាំងមន្ត្រីហាត់ការផ្នែកឧតុនិយម និងជលសាស្ត្រ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីបើកនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីគម្រោងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ លើការរៀបចំផែនការ និងការអនុវត្តការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅក្នុងបរិបទកម្ពុជា ជាពិសេសការវាយតម្លៃ និងកំណត់ចក្ខុវិស័យអាងស្ទឹង-ទន្លេឱ្យបានរឹងមាំ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយសមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះវត្តមានរបស់សិក្ខាកាមទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ដែលជាមន្ត្រីអនុវត្តគម្រោងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងដកស្រង់បទពិសោធន៍ល្អៗពីអ្នកជំនាញ ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងការចោទសួរដេញដោល និងពិភាក្សាឱ្យបានផុសផុល ដើម្បីជាទុនក្នុងការយកទៅអនុវត្តការងារនៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យទទួលបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕