នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក ហៃ ប៊ុនធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការតាក់តែងលិខិតរដ្ឋបាល» នៅសាលប្រជុំរំដួល នាទីស្តីការក្រសួង។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រ និងឧតុនិយម ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស ដោយមានការចូលរួមពីសិក្ខាកាមជាមន្ត្រីបង្គោលទទួលបន្ទុកការងាររដ្ឋបាលសរុបចំនួន ៣០នាក់ មកពីនាយកដ្ឋានចំនួន១០ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តចំនួន១០ តាមប្រព័ន្ធអនឡាញ (Zoom Meeting)។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអគ្គនាយករង បានគូសបញ្ជាក់ថា ការងារតាក់តែងលិខិតរដ្ឋបាល គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុតសម្រាប់រដ្ឋបាលរបស់ក្រសួង-ស្ថាប័ន ព្រោះវាជាច្រកចេញ-ចូលតែមួយក្នុងការគ្រប់គ្រងរាល់ឯកសារ លិខិតស្នាម និងបទដ្ឋានគតិយុត្តផ្សេងៗ។ កត្តានេះ ទាមទារឱ្យមន្ត្រីការិយាល័យរដ្ឋបាលទាំងអស់ ត្រូវតែមានការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅ ម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់លើទម្រង់គំរូ ក៏ដូចជាខ្លឹមសារនៃលិខិតនីមួយៗ។
លោកអគ្គនាយករង បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីជាទុនយកទៅអនុវត្ត និងបណ្តុះបណ្តាលបន្តនៅតាមអង្គភាពរៀងៗខ្លួន ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលក្នុងក្រសួង-ស្ថាប័ន ឱ្យកាន់តែរលូន និងមានស្តង់ដារតែមួយ៕