នៅថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងជាប្រធានគ្រប់គ្រងអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ព្រមទាំងមានការចូលរួមពីតំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ស្ថិតក្នុងភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសចុះពិនិត្យ លោកប្រធានគ្រប់គ្រងអង្គភាពអនុវត្តគម្រោង បានកោតសរសើរដល់ក្រុមការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំអនុវត្តគម្រោងយ៉ាងសកម្ម។ ទន្ទឹមនឹងនេះ លោកបានណែនាំឱ្យក្រុមហ៊ុនទទួលការសាងសង់ បង្កើនល្បឿនបញ្ចប់ការងារដែលនៅសេសសល់ឱ្យទាន់តាមផែនការ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាពបច្ចេកទេសសំណង់ឱ្យរឹងមាំ និងរៀបចំសោភ័ណភាពឱ្យស្របតាមស្តង់ដារ ដើម្បីលើកកម្ពស់បរិស្ថានសហគមន៍កសិកម្ម។
ការចុះពិនិត្យនេះគឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធធារាសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹករបស់ប្រជាកសិករ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងខេត្តមណ្ឌលគិរី៕