នាថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង រួមជាមួយមេធាវីប្រចាំក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យជាក់ស្តែងនៅទីតាំងអាងទឹកត្នោតទេរ ស្ថិតក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ក្នុងបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងសកម្មភាពរំលោភបំពានផ្ទៃអាងទឹក ដូចដែលបណ្តាញសារព័ត៌មានបានចុះផ្សាយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដើម្បីទុកជាមូលដ្ឋានក្នុងការពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការពិនិត្យជាក់ស្ដែងឃើញថា មានទីតាំងដីមួយកន្លែងស្ថិតនៅចំកណ្ដាលផ្ទៃអាងទឹក ដែលមានសភាពគោករាក់នារដូវប្រាំង ហើយបច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋអាស្រ័យផលដោយការដាំដំណាំព្រលិត និងធ្វើស្រូវប្រាំង។ ឯកឧត្ដមបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រុមការងារចម្រុះថ្នាក់ខេត្ត និងស្រុក ក៏បានចុះពិនិត្យទីតាំងនេះម្តងរួចមកហើយដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ក្រុមការងារក្រសួងនឹងបន្តបូកសរុបឯកសារ និងទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសិក្សាបន្ថែមទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសធនធានទឹក សំដៅធានាឱ្យបាននូវការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរក្សាផលប្រយោជន៍ប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគង់វង្ស៕