នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូសាជីវកម្មធនធានទឹកកូរ៉េ (K-water) ដឹកនាំដោយ លោកស្រី Kim Chang Soon នាយិកានាយកដ្ឋានសហប្រតិបត្តិការ និងអភិវឌ្ឍន៍អាកាសធាតុ ព្រមទាំងតំណាងក្រុមហ៊ុន Dohwa Engineering Co., Ltd និងក្រុមហ៊ុន Chilbo Industry Co., Ltd។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្តាប់បទបង្ហាញស្តីពីរបាយការណ៍បឋមនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study - F/S) លើគម្រោងយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ រួមមាន៖
ទី១- គម្រោងទំនប់អាងទឹកដូនទ្រី ក្នុងខេត្តបាត់ដំបង៖ លទ្ធផលសិក្សាជំហានដំបូងបង្ហាញថា គម្រោងនេះមានសក្តានុពលខ្ពស់ក្នុងការដំឡើងវារីអគ្គិសនីខ្នាតតូច ដែលអាចផលិតថាមពលបានក្នុងកម្លាំង ៣,៦ មេហ្គាវ៉ាត់ (MW)។
ទី២- គម្រោងទំនប់អាងទឹករក្សា ស្ថិតក្នុងខេត្តព្រះវិហារ៖ តាមការសិក្សា គម្រោងនេះមានលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចកម្លាំង ៦,៩ មេហ្គាវ៉ាត់ (MW) ព្រមទាំងមានផែនការបំពាក់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar Panel) បន្ថែមចំនួន ២ ទីតាំង ដែលក្នុងមួយទីតាំងអាចផលិតថាមពលបាន ១,៨០ មេហ្គាវ៉ាត់ (MW)។
ក្រោយពីបានពិនិត្យលើរបាយការណ៍ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ក្រុមអ្នកជំនាញកូរ៉េ ឱ្យបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងអាងទឹកក្នុងលក្ខណៈ «ពហុបំណង» ដោយមិនត្រូវផ្តោតសំខាន់តែលើការទាញយកថាមពលកកើតឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើពហុវិស័យ ជាពិសេសការធានាការផ្គត់ផ្គង់ទឹកបម្រើដល់វិស័យកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យក្រុមការងារបច្ចេកទេស បន្តកិច្ចសហការជិតស្និទ្ធជាមួយនាយកដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីប្រមូលទិន្នន័យបន្ថែម សំដៅបង្ហើយការរៀបចំរបាយការណ៍បច្ចេកទេសឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់កិច្ចសហការឱ្យបានល្អប្រសើរជាមួយក្រុមហ៊ុនសិក្សាប្លង់បច្ចេកទេសរបស់កូរ៉េ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាំងនេះទទួលបានជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់៕