នារសៀលថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRMP) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារជាមួយអង្គភាពគ្រប់គ្រងគម្រោងថ្មី។
កិច្ចប្រជុំនេះមានគោលបំណងណែនាំអំពីនីតិវិធីប្រតិបត្តិរួម និងបែងចែកភារកិច្ចតាមផ្នែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្ររបស់ក្រសួង។ ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “សាមគ្គីភាព និងស្មារតីម្ចាស់ការ” ក្នុងការអនុវត្តការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងធានាសម្រេចបានសមិទ្ធផលតាមកាលវិភាគដែលបានកំណត់។
ជាកិច្ចបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការបានណែនាំឱ្យក្រុមការងារបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាឱ្យមានចីរភាព និងសម្រេចបានជោគជ័យតាមគោលដៅកំណត់៕