នាថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ (13th Cambodia-EU Joint Committee)។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពី ឯកឧត្តម Ian HOSKINS ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងជាន់ខ្ពស់មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារ ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់សហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានលើកសំណើសុំឱ្យភាគីសហភាពអឺរ៉ុប ពិចារណាបន្តផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យធនធានទឹក និងឧតុនិយម ដែលជាវិស័យអាទិភាពក្នុងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរួមជាសកល៕