នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ដែលស្ថិតក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា ពិធីបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រនេះ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ មានប្រវែងសរុប ១៥១,៦ គីឡូម៉ែត្រ ដោយចាប់ផ្តើមតភ្ជាប់ពីព្រែកពោធិ៍ នៃទន្លេបាសាក់ រហូតដល់ឆ្នេរសមុទ្រនៃខេត្តកែប។
ក្រោយបញ្ចប់ការសាងសង់ គម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែរណបថ្មីៗ។ ដោយឡែក ក្នុងវិស័យធនធានទឹក គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធធារាសាស្ត្រ បង្កើនផលិតកម្មកសិកម្ម រំដោះទឹកជំនន់ និងធានាបាននូវសន្តិសុខទឹកសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តោយព្រែក ប្រកបដោយចីរភាព៕