នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជានាយកអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ» រៀបចំឡើងនៅទីតាំងសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកអគ្គនាយករងបានបញ្ជាក់ថាគោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រង ប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រឱ្យបានយូរអង្វែង ព្រមទាំងការដាក់ចេញនូវផែនការថវិកាសម្រាប់កិច្ចការជួសជុលឱ្យមានលក្ខណៈច្បាស់លាស់។ ក្នុងឱកាសនោះ លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យបង្កើនការសាកសួរ និងផ្លាស់ប្តូរយោបល់ជាមួយគ្រូឧទ្ទេស ដើម្បីសន្សំចំណេះដឹង និងបទពិសោធន៍បច្ចេកទេស យកទៅបម្រើដល់ការងារក្នុងសហគមន៍ឱ្យកាន់តែរីកចម្រើន។
ក្រោយបញ្ចប់ពិធីបើកវគ្គបណ្តុះបណ្តាល លោកអគ្គនាយករង បានបន្តដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានដែលជិតបញ្ចប់ការសាងសង់ទាំងស្រុង។ សមាសភាគសំខាន់ៗនៃគម្រោងរួមមាន៖ ស្រះទឹក ២កន្លែង, អណ្តូង ៧កន្លែង, បណ្តាញទុយោមេ ៩,៥គីឡូម៉ែត្រ, បន្ទប់ប្រតិបត្តិការ ២កន្លែង, ស្ថានីយបូមទឹកបណ្តែត ២កន្លែង និងប្រព័ន្ធម៉ូទ័របូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ៤គ្រឿង។ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មតាមរយៈការស្រោចស្រពដែលសន្សំសំចៃ និងមានប្រសិទ្ធភាព៕