នៅថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស អមដំណើរដោយមន្ត្រីជំនាញនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារនៃគម្រោងការពារច្រាំងទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
ក្នុងឱកាសបេសកកម្មនេះ ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា គម្រោងការពារច្រាំងទន្លេបាសាក់ដែលមានប្រវែងសរុប ៥០០ ម៉ែត្រ កំពុងអនុវត្តដោយប្រើប្រាស់បច្ចេកទេសចម្រុះ រួមមាន៖ ការរៀបក្រណាត់បាវ Geotextile ច្រកខ្សាច់ ការរៀបប្រអប់ថ្ម (Gabion boxes) ដើម្បីទប់ដី និងការងារចាក់បេតុងក្រវ៉ាត់ធ្នឹមការពារជើងទេរយ៉ាងរឹងមាំ ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ ៥០% ហើយ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានកោតសរសើរចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់តាមបទដ្ឋានស្តង់ដារ។ បន្ថែមលើនេះ ឯកឧត្តមបានជំរុញឱ្យបង្កើនសន្ទុះការងារដើម្បីបញ្ចប់តាមផែនការដែលបានគ្រោងទុក សំដៅឆ្លើយតបទៅនឹងការកាត់បន្ថយការបាក់ច្រាំងទន្លេជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕