នៅថ្ងៃអង្គារ និងថ្ងៃពុធ ១២-១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនភៀសសឹក និងវីរកងទ័ព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ តបតាមការស្នើសុំរបស់ស្ថាប័នព្រឹទ្ធសភា។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានចុះពិនិត្យស្ថានភាពទឹកផ្ទាល់នៅតាមបណ្តាទំនប់អាងទឹក និងការប្រើប្រាស់ទឹកនៅមណ្ឌលជនភៀសសឹកសំខាន់ៗ រួមមាន៖ ទី១) មណ្ឌលជនភៀសសឹកបណ្តោះអាសន្ន វត្តទួលសង្កែ (ភូមិតាកឹងបៃតង) ក្នុងខេត្តព្រះវិហារ ទី២) ទំនប់អាងទឹកស្រះកែវ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ទី៣) ទំនប់អាងទឹកបន្សាយរាក់ ស្ថិតក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង៤) ទំនប់អាងទឹកមនោរម្យ ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ន ស្ថានភាពការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅតាមមណ្ឌលជនភៀសសឹកបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់តម្រូវការជាក់ស្ដែង។
ក្នុងដំណើរចុះបេសកកម្មនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក៏បានបន្តចុះពិនិត្យទីតាំងដែលមានសក្ដានុពលនានា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ និងពង្រីកប្រភពទឹកបន្ថែម។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវចីរភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងទឹកប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព ដើម្បីជៀសវាងការខ្វះខាតទឹកនាពេលខាងមុខ ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងរងការឈ្លានពានផ្នែកយោធាពីសំណាក់ភាគីថៃ។