នាថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំបូងជាមួយ លោក Lance Williams Gore អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានទឹកប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្របសម្រួល និងជំរុញល្បឿននៃការអនុវត្តជំនួយបច្ចេកទេស នៃគម្រោងផែនការមេអាងទន្លេដែលមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា (Climate Resilient River Basins Masterplan - CRRBMP) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញរបស់ ADB រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពី ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា ទទួលបានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ឱ្យដឹកនាំ និងសម្របសម្រួលការអនុវត្តជំនួយបច្ចេកទេសនៃគម្រោង CRRBMP ដែលគាំទ្រដោយ ADB។ គម្រោងនេះនឹងត្រូវអនុវត្តស្របគ្នាជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate) ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី (DFAT)។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ធ្វើឡើងដើម្បីធានាឱ្យមានភាពស៊ីសង្វាក់គ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគត៕