នាថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេបន្ទាយស្ទោង (ជំហាន១) ដែលស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គម្រោងស្តារប្រឡាយមេនេះមានទំហំការងារសំខាន់ៗរួមមាន៖ ការស្តារប្រឡាយប្រវែង ៦ ០០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យចំនួន ២៣ កន្លែង ដែលគិតមកទល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ ៧៥%។ ក្រោយបញ្ចប់ គម្រោងនេះនឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់សម្រាប់ផ្ទៃដីកស្រូវវស្សា ១ ៥៦០ ហិកតា, ស្រូវប្រាំង ៧៧៥ ហិកតា និងដំណាំរួមផ្សំ ៣០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករប្រមាណ ១ ១៧០ គ្រួសារ ក្នុងភូមិចំនួន ៥ នៃឃុំបន្ទាយស្ទោង។
ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាបាននូវការសន្សំសំចៃក្នុងបរិបទដែលតម្លៃប្រេងឥន្ទនៈមានការប្រែប្រួល។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង និងជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ទុក៕