នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៦-៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូធនាគារ AIIB ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យទីតាំងសំណើគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CCRSIWDFMP) ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ លោកអគ្គនាយករង និងប្រតិភូ បានជួបពិភាក្សា និងស្វែងយល់ពីព័ត៌មានសំខាន់ៗជាមួយក្រុមការងារបច្ចេកទេស និងតំណាងសហគមន៍មូលដ្ឋាន ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង។ បន្ទាប់មក ក្រុមការងារក៏បានបន្តចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រសំខាន់ៗ រួមមាន៖ ទី១) ប្រព័ន្ធធារាសាស្ត្រម្កាក់ ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ទី២) ទំនប់ចុងកាល់ ទំនប់បេង និងទំនប់ទឹកជុំ ស្ថិតក្នុងស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា គោលបំណងសំខាន់នៃដំណើរបេសកកម្មរបស់ធនាគារ AIIB ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺផ្តោតលើការកំណត់ឱ្យបានច្បាស់លាស់នូវរាល់ហានិភ័យបច្ចេកទេសសំខាន់ៗ ព្រមទាំងហានិភ័យផ្នែកការពារ និងសុវត្ថិភាពសង្គមដែលពាក់ព័ន្ធនឹងអនុគម្រោងក្នុងដំណាក់កាលទី១។ បន្ថែមលើនេះ ក្រុមការងារក៏បានពិភាក្សាយ៉ាងលម្អិតអំពីយុទ្ធសាស្ត្រសម្រាប់រៀបចំការវិនិយោគទាំងក្នុងដំណាក់កាលទី១ និងទី២ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាំងមូលប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងចីរភាព៕