នាថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គជទមក) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ (MRC) លើកទី៦១ នៅខេត្តសៀមរាប។
សូមជម្រាបថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមរយៈការចូលរួមផ្ទាល់ និងប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូនៃប្រទេសសមាជិក MRC រួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងមន្ត្រីបង្គោលនៃលេខាធិការដ្ឋាន MRC និងតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គជទមក ផងដែរ។
ឯកឧត្ដមអគ្គនាយក បានមានប្រសាសន៍ថា កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗរបស់ MRC ដែលផ្ដោតលើបញ្ហាស្ថាប័ន អភិបាលកិច្ច និងការអភិវឌ្ឍបច្ចេកទេសតាមបណ្ដាអាងទន្លេសំខាន់ៗ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពរួមគ្នា។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានជំរុញការសម្របសម្រួលឱ្យកាន់តែប្រសើរឡើង ឆ្ពោះទៅរកការសម្រេចបាននូវប្រតិបត្តិការគ្រប់គ្រងស្ថាប័នប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ៕