នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំប្រព័ន្ធបណ្តាញចែកចាយបំពង់ទឹកស្រោចស្រពក្នុងប្រព័ន្ធធារាសាស្ត្រ»។
សូមជម្រាបថា អង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីលោក Lance Gore ប្រតិភូតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយវាគ្មិនជំនាញគឺលោក Alan K Clark និងលោក James Rebstock ទីប្រឹក្សាបច្ចេកទេសរបស់ ADB ព្រមទាំងមន្ត្រីមកពីបណ្តានាយកដ្ឋាន និងមន្ទីរធនធានទឹក និងឧតុនិយម សរុបប្រមាណ ៤០រូប ក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេស ផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងពិភាក្សាលើវិធីសាស្ត្រទំនើបៗ ដើម្បីយកទៅអនុវត្តក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនាពេលអនាគតឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងប្រព័ន្ធស្រោចស្រព ដោយក្នុងនោះការប្រើប្រាស់ប្រព័ន្ធបណ្តាញបំពង់សម្ពាធទឹក គឺជាបច្ចេកវិទ្យាដ៏មានសារៈសំខាន់មិនអាចខ្វះបាន។ លោកជំទាវបានបន្ថែមថា ប្រព័ន្ធទំនើបនេះមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក និងកាត់បន្ថយការបាត់បង់ទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងធានាបាននូវការផ្តល់សេវាស្រោចស្រពប្រកបដោយស្ថិរភាព និងភាពជឿជាក់ជូនដល់ប្រជាកសិករ។
ជាទីបញ្ចប់ លោកជំទាវ វ៉ាន់ ចាន់ថូ បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ដែលជាមន្ត្រីអនុវត្តគម្រោង និងមន្ត្រីមកពីបណ្តាមន្ទីរ-នាយកដ្ឋានពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ល្អៗពីអ្នកជំនាញអន្តរជាតិ ដើម្បីយកទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលខ្ពស់ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យធនធានទឹក និងប្រព័ន្ធស្រោចស្រពប្រកបដោយចីរភាពនៅកម្ពុជា៕