នៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតាហ្ស៊ីគីស្ថាន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួង បានអញ្ជើញទស្សនាសារមន្ទីរជាតិនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន ដែលមានទីតាំងស្ថិតក្នុងទីក្រុងឌូស្ហាន់បេ។
សូមជម្រាបថា សារមន្ទីរជាតិតាហ្ស៊ីគីស្ថាន គឺជាស្ថាប័នរដ្ឋដែលបានបង្កើតឡើងដោយក្រឹត្យរបស់ប្រធានាធិបតីតាហ្ស៊ីគីស្ថាន លេខ១០៩៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១។ សារមន្ទីរនេះសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២៤០០០ម៉ែត្រការ៉េ មានសាលតាំងពិព័រណ៍ចំនួន២២ ដែលបង្ហាញពីប្រវត្តិសាស្ត្របុរាណ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនតាហ្ស៊ីគីស្ថាន ព្រមទាំងមានមន្ទីរពិសោធន៍មួយសម្រាប់ការងារជួសជុល និងអភិរក្ស។ ការដាក់តាំងពិព័រណ៍សម្រាប់អ្នកទស្សនាមានបែងចែកជា ៤ផ្នែកគឺ៖ ផ្នែកធម្មជាតិស្ថិតនៅជាន់ផ្ទាលដី ផ្នែកប្រវត្តិសាស្ត្របុរាណនិងមជ្ឈិមសម័យស្ថិតនៅជាន់ទី១ ផ្នែកប្រវត្តិសាស្ត្រទំនើបនិងសហសម័យស្ថិតនៅជាន់ទី២ និងផ្នែកវិចិត្រសិល្បៈនិងការអនុវត្តស្ថិតនៅជាន់ទី៣៕